ជំពូកទី ២ ការប្រៀបធៀបទៅនឹងលក្ខណៈសេដ្ឋកិច្ចនៃការលើកគម្រោង (Project: Nita Apartment)
ជំពូកទី ២
ការប្រៀបធៀបទៅនឹងលក្ខណៈសេដ្ឋកិច្ចនៃការលើកគម្រោង
ព្រះរាជាណាចក្រកម្ពុជាជាប្រទេសមួយដែលកំពុងតែមានការអភិវឌ្ឍន៍
និងកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។ ដោយសារតែប្រទេសយើងធ្លាប់បានឆ្លងកាត់នូវសង្រ្គាមអូសបន្លាយពេលជាច្រើនទសវត្សរ៍
និងរបប ប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យបានធ្វើអោយមានការធ្លាក់ចុះលើគ្រប់វិស័យទាំងសេដ្ឋកិច្ច
វប្បធម៌ ជំនឿ សាសនា និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាតិខ្ចិចខ្ទាំដល់កំរិតសូន្យ។ ដូច្នេះហើយយើងទាំងអស់គ្នាត្រូវតែខិតខំប្រឹងប្រែង កសាងនិងស្តារប្រទេសជាតិអោយរីកចំរើនសារជាថ្មីសំរាប់ជាស្នាដៃ
និងកេរ្តិ៍ឈ្មោះបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ។
អាស្រ័យហេតុនេះក្រុមសារណាទាំងអស់គ្នាបានលើកយកនូវគម្រោងសាងសង់អគារមួយដែលជាផ្នែកតូចមួយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញ
ដែលជាបណ្តុំសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ និងជាបេះដូងនៃព្រះរាជាណាក្រកម្ពុជាយើង។
២.១ កម្មវត្ថុនៃការលើកគម្រោង
ការលើកគម្រោង អគារស្នាក់នៅប្រមូលផ្តុំ នីតា គឺក្រុមនិសិ្សតយើងចង់វាស់ស្ទង់នូវកំរិតចំណេះដឹង
ក្រោយពីបពា្ចប់ការសិក្សារយៈពេល ៥ឆ្នាំ
ថាខ្លួនមានសមត្ថភាពប៉ុណ្ណានិងចង់បង្ហាញអោយមហាជនទូទៅ ទាំងថ្នាក់ជាតិ
និងអន្តរជាតិអោយបានឃើញថាប្រទេសកម្ពុជាយើងក៏មានធនធានមនុស្សផ្នែកបច្ចេកទេសសាងសង់នេះដែរ។
ម្យ៉ាងទៀតចង់បង្ហាញថា យើងក៏មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបម្រើការងារលើវិស័យនេះមិនចាញ់
ប្រទេសជិតខាងក៏ដូចជាលើឆាកអន្តរជាតិនោះឡើយ។
២.២ ការប្រៀបធៀបលក្ខណៈសេដ្ឋកិច្ច
ជាទូទៅនៅពេលដែលមានគម្រោងសាងសង់អ្វីមួយ
យើងត្រូវតែមានការពិចារណាអោយបានគ្រប់ជ្រុងជ្រោយ និង
ត្រឹមត្រូវប្រកបដោយភាពជាក់លាក់និងភាពសន្សំសំចៃបំផុត។ ជាពិសេសសំភារៈដែលយកមកប្រើប្រាស់នៅក្នុងការដ្ឋាន
សាងសង់ត្រូវមានការសិក្សាយ៉ាងលម្អិត
និងឆ្លងកាត់ការធ្វើពិសោធន៍យ៉ាងច្បាស់លាស់ទៅលើគុណភាព។ ម្យ៉ាងវិញទៀត
ការប្រើប្រាស់សំភារៈនៅក្នុងការដ្ឋានមិនមែនគ្រាន់តែមានលក្ខណៈសន្សំសំចៃប៉ុណ្នោះទេ
គឺត្រូវពិចារណាផងដែរទៅលើ សុវត្ថិភាព។
ដូច្នេះក្នុងនាមយើងជាវិស្វករត្រូវតែគិតគូដល់លក្ខណៈសេដ្ឋកិច្ចនិងសុវត្ថិភាពជាចម្បង។
ការលើកគម្រោង សាងសង់ចាំបាច់យើងត្រូវតែធ្វើការសិក្សាទៅលើករណីមួយចំនួនរួមមានដូចខាងក្រោម
២.២.១ ការជ្រើសរើសបេតុងសម្រាប់ធ្វើការសាងសង់
ក្នុងគម្រោងសាងសង់នេះយើងបានកំនត់យកបេតុងលាយស្រេចពីរោងចក្រ
និងបេតុងលាយនៅការដ្ឋាន។
សម្រាប់បេតុងដែលយកមកប្រើប្រាស់ក្នុងគម្រោងសាងសង់របស់យើងមួយចំនួនធំ
គឺប្រើប្រាស់បេតុងលាយស្រេចពីរោងចក្រព្រោះជាបេតុងលាយបានលឿន ចំណេញពេលវេលា
មានភាពស្មើសាច់ ងាយស្រួលចាក់ ងាយស្រួលក្នុងការកំណត់ភាពធន់ (Strength)
ងាយស្រួលក្នុងការកំណត់ភាពរាវ
(Slump) ទៅតាមការប្រើប្រាស់របស់គ្រឿងបង្គុំនិងមានភាពងាយស្រួលក្នុងការកំណត់កម្លាំងពលកម្មជាមធ្យមនៅក្នុងការដ្ឋានផ្ទាល់។
២.២.២ ការជ្រើសរើសប្រភេទកម្រាលខណ្ឌ
ជាទូទៅកម្រាលខណ្ឌកើតឡើងដោយការបន្សំរវាងស្រទាប់ជាច្រើនដូចជា
ស្រទាប់បេតុង ស្រទាប់បាយអរ និងស្រទាប់ឥដ្ឋការ៉ូ។ កម្រាលខណ្ឌ
ឬគេហៅម្យ៉ាងទៀតថាប្លង់សេត្រូវបានគេចែកជាពីរប្រភេទគឺ កម្រាលខណ្ឌតាន់ និងកម្រាលខណ្ឌប្រហោង។
ភាគច្រើននៅក្នុងប្រទេសយើងរាល់ការសាងសង់សំណង់ផ្សេងៗគេនិយមកម្រាលខណ្ឌតាន់ព្រោះវាមានភាពងាយស្រួលជាង។
ការសិក្សាកម្រាលខណ្ឌតាន់នេះទៀតសោតត្រូវបានគេចែកជាពីប្រភេទទៀតគឺកម្រាលខណ្ឌមួយទិស
និងកម្រាលខណ្ឌពីរទិស។
ចំណែកឯកម្រាលខណ្ឌប្រអប់វិញគេនិយមប្រើធ្វើជាប្រភេទបេតុងប្រេកុង ត្រាំងដោយប្រើខ្សែកាប
ឧទារណ៍ដូចជាសំណង់ស្ពានជាដើម។ តាមការសិក្សាកន្លងមកកម្រាលខណ្ឌប្រអប់ដោយសារវាមានប្រហោងខ្យល់
ដែលជាអ៊ីសូឡង់ជួយកាត់បន្ថយកំដៅ និងសម្លេង ប៉ុន្តែកម្រាលខណ្ឌប្រភេទនេះទាមទារនូវ
បច្ចេកទេសខ្ពស់ និងចំណាយ
ថវិកាអស់ច្រើនដោយហេតុថាប្រទេសយើងមានលក្ខណៈអាកាសធាតុមិនសូវក្តៅខ្លាំងទើបយើងសម្រេចចិត្តប្រើប្រាស់កម្រាលខណ្ឌតាន់ក្នុងការលើកគម្រោងសាងសង់។
២.២.៣ ការជ្រើសរើសប្រភេទធ្នឹម និងសសរ
បច្ចុប្បន្ននេះបច្ចេកទេសកាន់តែមានភាពរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះមានប្រព័ន្ធព័ត៌មានវិទ្យានិងជាពិសេសវិស័យសំណង់ក៏កំពុងតែមានសក្តានុពលផងដែរ។
ការជ្រើសរើសគ្រឿងបង្គុំសំណង់ក៏ដូចជាប្រភេទមុខកាត់អោយមានលក្ខណៈសេដ្ឋកិច្ចមានន័យថា
ការចំនាយថវិការបានសមរម្យ។
យ៉ាងណាមិញការជ្រើសរើសប្រភេទធ្នឹមមាន ច្រើនប្រភេទដូចជាប្រភេទធ្នឹមរាងអក្សរ T រាងអក្សរ L
រាងចតុកោណកែងជាដើមដែលត្រូវបានគេផលិតពីបេតុងអាម៉េ និងបេតុងប្រេកុងត្រាំង។ រីឯនៅក្នុងគម្រោងបពា្ចប់ការសិក្សារបស់យើងសម្រេចចិត្តជ្រើសរើសយកធ្នឹមរាងចតុកោណ
កែងធ្វើពីបេតុងអាម៉េព្រោះវាមានលក្ខណៈងាយស្រួលក្នុងការសាងសង់ ការប្រើប្រាស់ពុម្ព
និងមានលក្ខណៈសន្សំសំចៃ ផងដែរ។
ចំពោះសសរវិញមានច្រើនប្រភេទដូចជាសសររាងអក្សរ T រាងអក្សរ L រាងចតុកោណកែង រាងការេ
និងរាងមូលជាដើម។
ក្នុងគម្រោងបពា្ចប់ការសិក្សារបស់យើងសម្រេចចិត្តជ្រើសរើសយកសសររាងចតុកោណកែងធ្វើពី
បេតុងអាម៉េព្រោះវាមានលក្ខណៈងាយស្រួលក្នុងការសាងសង់ ការប្រើប្រាស់ពុម្ព
និងមានលក្ខណៈសេដ្ឋកិច្ចផង។
២.២.៤ ការជ្រើសរើសប្រភេទដែកសម្រាប់ធ្វើការសាងសង់
យើងសង្កេតឃើញថាសព្វថ្ងៃនេះប្រទេសកម្ពុជាមានផលិតផលដែកជាច្រើនប្រភេទ
ដែលនាំចូលមកពីបរទេសដូចជាប្រទេសចិន កូរ៉េ អ៊ីតាលី ថៃ វៀតណាម ជាដើម។
ក្នុងការសិក្សាពីគម្រោងសាងសង់របស់យើងវិញបានជ្រើសរើសយកប្រភេទដែកដែលផលិតក្នុងប្រទេសអ៊ីតាលីដែលមានប្រភេទដូចជា
- ដែកថ្នាំងអំពៅមានភាពធន់ (Yield Strength) fy=
390MPa
- ដែករលោងមានភាពធន់ (Yield Strength) fy= 235 MPa
ដែកប្រភេទនេះមានភាពធន់
ឬរេស៊ីស្តង់មិនខ្ពស់ហើយក៏មិនទាបពោលគឺ អាចប្រើប្រាស់បានចំពោះលក្ខណៈបច្ចេកទេស
ម្យ៉ាងទៀតវាមានតម្លៃសមស្របទៅនិងលក្ខណៈសេដ្ឋកិច្ចដែលយើងចង់បាន។ ជាពិសេសជាងនេះទៅទៀតយើងមានភាពងាយស្រួលក្នុងការរកបញ្ជាទិញ
កាត់បន្ថយការចំណាយលើការនាំចូល និងការដឹកជញ្ជូន។
២.២.៥ ការជ្រើសរើសកម្លាំងពលកម្ម
ចំពោះការជ្រើសរើសកម្លាំងពលកម្មវិញ
ជាជំហ៊ានដំបូងត្រូវរៀបចំលំនៅដ្ឋានបណ្តោះអាសន្នសម្រាប់អោយពួកគាត់ស្នាក់នៅសិនដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងពួកគាត់
និងទំនាក់ទំនងជាមួយពួកគាត់នៅពេលដែលមានការងារបន្ទាន់ត្រូវធ្វើ។
កម្មករសំណង់ដែលត្រូវជ្រើសរើសត្រូវតែជាជនជាតិខ្មែរព្រោះយើងចង់ផ្តល់ការងារអោយពួកគាត់បានធ្វើ
ក្នុងគោលបំណងដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។
ការជ្រើសរើសវិស្វករ អ្នកជំនាញ និងមេជាងកាន់ការដ្ឋានត្រូវបានការិយាល័យគ្រប់គ្រងធនធានមនុស្សរបស់យើងធ្វើការជ្រើសរើសយ៉ាងសម្រិតសម្រាំងបំផុត
ដើម្បីកុំអោយការដ្ឋានរបស់យើងមានបញ្ហាជាយថាហេតុបណ្តាលអោយមានការខាតបង់ថវិកា
និងពេលវេលាដែលអាចជះឥទ្ធិពលមិនល្អដល់ការអនុវត្តន៍គម្រោងរបស់យើង។
២.៣ លក្ខណៈភូមិសាស្ត្រ
២.៣.១ ទីតាំងគម្រោងសាងសង់
ចំពោះគម្រោង អគារស្នាក់នៅប្រមូលផ្តុំ នីតា ត្រូវបានសាងសង់ស្ថិតនៅផ្លូវលេខ ៥៥៨ សង្កាត់ បឹងកក់១ ខណ្ឌ ទោលគៅក រាជធានីភ្នំពេញ។
២.៣.២ អាកាសធាតុ
ជាទូទៅអាកាសធាតុនៅប្រទេសកម្ពុជាយើងមានលក្ខណៈក្តៅហើយសើម
និងមានរបបខ្យល់មូសុងពីរបក់ផ្ទុយគ្នា
ក.
រដូវប្រាំង (ពីខែ វិច្ឆិកា-មេសា) ខ្យល់បក់ពីទិសឦសានទៅទិសនិរតី គឺខ្យល់បក់ពីតំបន់ស៊ីបេរីទៅមហាសមុទ្រឥណ្ឌាដោយនាំមកនៅខ្យល់ត្រជាក់ស្ងួត។
ខ.
រដូវស្សា (ពីខែ ឧសភា-តុលា) ខ្យល់បក់ពីទិសនិរតីទៅទិសឦសាន
គឺខ្យល់បក់ពីមហាសមុទ្រឥណ្ឌាទៅតំបន់ស៊ីបេរីវិញដោយនាំមកនូវទឹកភ្លៀងស្រោចស្រពលើទឹកដីកម្ពុជា។
ទីក្រុងភ្នំពេញមានល្បឿនខ្យល់ជាមធ្យម 18m/s មានស៊ីតុណ្ហភាពប្រចាំឆ្នាំ
27.3C
ហើយមានបំរែបំរួលពី 2C
ទៅ 3C
។ ចំពោះសំណើមបរិយាកាសដែលខ្ពស់បំផុតគឺ 83% នៅខែមិនា។
រីឯបរិមាណទឹកភ្លៀងវិញជាមធ្យមប្រមាណ 246.6mm នៅខែកញ្ញា និងអប្បបរមា 5.6mm នៅខែ វិច្ឆិកា។
២.៣.៣ ស្ថានភាពប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ
ដោយមានទំនុកចិត្តលើផ្នែកសន្តិសុខ
សុវត្ថិភាព និងស្ថេរភាពនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយមើលឃើញពីស្ថានភាពរស់នៅរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញមានជីវភាពកាន់តែប្រសើរជាពិសេសតាមអត្រាកំណើននៃភ្ញៀវទេសចរណ៍ជាតិ
និងអន្តរជាតិដែលមានការកើនទ្បីងពីមួយឆ្នាំទៅមួយឆ្នាំទៅតាមអត្រានៃកំណើនប្រជាពលរដ្ឋ
កំណើនអ្នកវិនិយោទុនផ្សេងៗ និងបុគ្គលិកអង្គការអន្តរជាតិមួយចំនួនដែលមានមូលដ្ឋានស្នាក់នៅ
និងបំរើការនៅក្នុងទីក្រុងភ្នំពេញនេះស្រាប់ធ្វើអោយក្រុមសារណាយើងស្រាវជ្រាវយើងខ្ញុំមានគំនិតសាងនូវអាគារស្នាក់នៅដើម្បីជួយរំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋក៏ដូចជាការលំបាករបស់រដ្ឋាភិបាលផងដែរ។
២.៣.៤ ប្រព័ន្ធគមនាគមន៍
ដោយទីក្រុងភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំ
និងជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាផង
ដូចនេះរាល់ការទំនាក់ទំនងពីទីក្រុងទៅបណ្តាខេត្តនានាទូទាំងប្រទេសត្រូវូពឹងផ្អែកលើប្រព័ន្ធគមនាគមន៍ជាពិសេស។
ក.
ផ្លូវគោក វាជាផ្នែកមួយដែលបំរើដល់ការធ្វើដំណើរ និងដឹកជញ្ជូនដែលមានផ្លូវជាតិជាច្រើនខ្សែតភ្ជាប់ពីទីក្រុងទៅបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ.
ផ្លូវទឹក
ក៏ជាផ្នែកមួយដែលបំរើដល់ការធ្វើដំណើរ និងដឹកជញ្ជូនផងដែរ។
យើងអាចធ្វើដំណើរពីទីក្រុងភ្នំពេញទៅតាមបណ្តាខេត្តមួយចំនួនតាមរយៈនាវាដឹកជញ្ជូនអ្នកដំណើរ
និងនាវាទេសចរណ៍ជាដើម។
គ. ផ្លូវអាកាស
ជាផ្នែកមួយដែលបំរើដល់ការធ្វើដំណើរ និងដឹកជញ្ជូនផងដែរ។
យើងអាចធ្វើដំណើរពីអាកាសយានដ្ឋានអន្តជាតិភ្នំពេញទៅតាមបណ្តាខេត្តមួយចំនួនតាមរយៈសេវាកម្មក្នុងស្រុក
និងទៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍
និងអន្តរជាតិតាមរយៈសេវាកម្មអន្តរជាតិទៀតផង។
២.៣.៥ ប្រព័ន្ធទូរគមនាគមន៍
បច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគទុនលើវិស័យទូរគមនាគមន៍ជាច្រើន
ដែលកំពុងធ្វើការប្រកួតប្រជែងគ្នាដើម្បីពង្រីកនូវសេវាកម្មរបស់ខ្លួនដែលជាការលើកទឹកចិត្តដល់អតិថិជនដែលកំពុងប្រើប្រាស់ប្រព័ន្ធរបស់គេ។
ក្រៅពីប្រព័ន្ធឯកជន យើងក៏មានការដាក់អោយប្រើប្រាស់នូវប្រព័ន្ធទូរគមនាគមន៍របស់រដ្ឋផងដែរ។
២.៣.៦ ប្រព័ន្ធចែកចាយអគ្គីសនី
វិស័យអគ្គីសនី
គឺជាវិស័យមួយដែលមានសារៈសំខាន់បំផុតដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីឈានទៅរកការអភិវឌ្ឍន៍វិស័យផ្សេងៗទៀត។
សព្វថ្ងៃទោះបីជាការផ្គត់ផ្គង់ផ្នែកថាមពលអគ្គីសនីនូវមានកំរិតក៏ដោយតែនៅថ្ងៃអនាគតដ៏ឆាប់ខាងមុខយើងសង្ឃឹមថាវានឹងមានលក្ខណៈកាន់តែប្រសើរទ្បើង។
២.៣.៧ បណ្តាញចែកចាយទឹក
ក.
ការផ្គត់ផ្គង់ទឹកប្រើប្រាស់: ការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញនិងនៅតំបន់ជាយក្រុងមួយចំនួន
គឺជាការផ្គត់ផ្គង់និងចែកចាយដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ហើយប្រភពទឹកទាំងនោះ
គឺបូមមកពីទន្លេមេគង្គដោយឆ្លងកាត់តាមប្រព័ន្ធចម្រោះបានយ៉ាងត្រឹមត្រូវទៀតផង។
ខ.
ប្រព័ន្ធទឹកស្អុយ: ជាទូទៅបណ្តាញទឹកស្អុយដែលហូរចេញពីគេហដ្ឋានរបស់ប្រជាពលរដ្ឋនីមួយៗត្រូវបានរៀបចំអោយហូរចូលទៅក្នុងប្រព័ន្ធលូមេរបស់ក្រុង
ហើយហូរនាំទឹកស្អុយនោះតាមតំបន់ស្តុកទឹកនីមួយៗដែលមានស្រាប់។
២.៣.៨ បញ្ហាសន្តិសុខ
ជារួមផ្នែកសន្តិសុខវិញ
យើងអាចនិយាយបានថាមានលក្ខណៈល្អប្រសើរតែម្តងតាមរយៈភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ
ដែលពួកគាត់អាចធ្វើដំណើរកំសាន្តតាមរមណីយដ្ឋាននានាទូទាំងព្រះរាជាណាចក្រកម្ពុជាដោយគ្មានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ឡើយ។
No comments
Post a Comment